Wednesday, October 12, 2011

អគ្គលេខា​ធិការ​ដ្ឋាន​អាជ្ញាធរ​កម្ពុជា​គ្រប់​គ្រង​សកម្មភាព​កំចាត់​មីន​ និង​សង្រ្គោះ​ជន​ពិការ​ដោយ​សារមីន​បើក​សិក្ខា​សាលា​ស្តីពី​ផែន​ការ​យុទ្ធ​សាស្ត្រ​បញ្ជ្រាប​យេន​ឌ័រ​ក្នុង​សកម្មភាព​មីន​

ផ្សាយថ្ងៃទី១២-១០-២០១១:  ដកស្រង bayontv


ភ្នំពេញ៖ សិក្ខាសាលា​នេះ​ រៀប​ចំ​ឡើង​ដោយ​អគ្គ​លេខា​ធិការ​ដ្ឋាន​អាជ្ញាធរ​កម្ពុជា​គ្រប់​គ្រង​សកម្មភាព​កំចាត់​មីន​និង​សង្រ្គោះ​ជន​ពិការ​ដោយ​សារមីន​សហការ​ជាមួយ​ក្រសួង​កិច្ច​ការនារី​ និង​ដៃ​គូរ​អភិវឌ្ឍ​ ក្រោម​វត្ត​មាន​​ឯកឧត្តម​ជុំ​ ប៊ុនរ៉ុង​ទី​ប្រឹក្សា​សម្តេច​តេជោហ៊ុន​ សែន ​និង​ជា​អគ្គ​លេខាធិការ​នៃ​អគ្គ​លេខា​ធិការ​ដ្ឋាន​អាជ្ញា​ធរ​កម្ពុជា​គ្រប់​គ្រង​សកម្ម​ភាព​កំចាត់​មីន​និង​សង្រ្គោះ​ជន​ពិការ​ដោយ​សារមីន​ ​នារសៀល​ថ្ងៃទី​១២​ តុលា​ នៅ​សណ្ឋា​គារ​កាំ​បូឌីយ៉ាណា​។​
​ ឯកឧត្តម​ជុំ​ ប៊ុនរ៉ុង​បាន​ប្រាសាសន៍​ថា​ សិក្ខា​សាលា​នាពេល​នេះ​ មាន​សារ​សំខាន់​ណាស់​ក្នុង​ការ​ជួប​ជុំ​គ្នា​ ដើម្បី​រួម​គំនិត​យោបល់​បទ​ពិសោធន៍​ល្អថ្មីៗ​ និង​មាន​តម្លៃ​ដែល​នឹង​ធ្វើ​ឱ្យ​សេចក្តី​ព្រាង​ផែនការ​យុទ្ធ​សាស្ត្រ​បញ្ជ្រាប​យេនឌ័រ​ក្នុង​សកម្មភាព​មីន​ដែល​ជា​សកម្មភាព​មួយ​នៃ​ការអនុវត្ត​ផែន​ការ​កាតាហ្សេណា ​ហើយ​ក៏​ជា​ផែនការ​យុទ្ធសាស្ត្រ​ផ្លូវ​ការ​សំរាប់​ដាក់​ឱ្យ​ប្រើ​ប្រាស់​និង​អនុវត្ត​ជា​ប្រយោជន៍​ដល់​សង្គមជាតិ​ផងដែរ​ ។
ឯកឧត្តម​បញ្ជាក់ថា​ គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដើម្បី​កំណើន​ការងារ​សមធម៌​និង​ប្រសិទ្ធ​ភាព​ទទួល​ស្គាល់​ថា​ ស្រ្តី​គឺ​ជា​ឆ្អឹង​ខ្នង​នៃ​សេដ្ឋកិច្ច​ និង​សង្គម​ជាតិ​។
​សិក្ខាសាលា​នេះ​ដែរ​ ជា​ឱកាស​ប្រមូល​ព័ត៌​មាន​ និង​សមិទ្ធផល​ដែល​ទទួល​បាន​រួម​ទាំង​ការ​ឲ្យ​ឃើញ​ពី​ឧបសគ្គ ​និង​បញ្ហា​ប្រឈម​នានា​ក្នុង​ការ​ បញ្ជ្រាប​យេន​ឌ័រ​ក្នុង​សកម្មភាព​មីន​ដែល​តម្រូវ​ឲ្យ​មាន​វិធាន​ការណ៍​ដោះ​ស្រាយ​ជា​ចាំ​បាច់​។
ឯកឧត្តម​បញ្ជាក់​ទៀត​​ថា​ ពាក់​ព័ន្ធ​និង​ការ​លើក​កំពស់​សមធម៌​យេនឌ័រ​យើង​ត្រូវ​ប្តេជ្ញា
​ចិត្ត​ថា​អ្វី​ដែល​សំខាន់​គឺ​អ្វី​ដែល​យើង​ទទួល​បាន​ពិតៗ​ពីអ្វី​ដែល​យើង​ត្រូវ​ធ្វើ​និង​អ្វី​ដែល​
យើង​មាន​បទ​ពិសោធន៍​ជា​ចំណេះ​ដឹង​ ដើម្បី​ចេះ​ដោះ​ស្រាយ​រាល់​បញ្ហា​ដែល​កើត​មាន​។
ឯកឧត្តម ​បាន​សំណូម​ពរ​ដល់​សិក្ខាកាម​ទាំង​អស់​សូម​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​គ្នា​ឱ្យ​បាន​ផុល​ផុស​ ដើម្បី​រិះរក​នូវ​បទ​ពិសោធន៍​ល្អៗ​ជំរុញ​សេចក្តី​ព្រាង​ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​ក្នុង​សកម្មភាព​មីន​ឱ្យ​ក្លាយ​ជា​ឯកសារ​ផ្លូវ​ការ​ពេញ​លេញ​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ជោគ​ជ័យ​ទទួល​បាន​និង​ការ​អនុវត្ត​
បន្ត​សកម្មភាព​ការងារ​ប្រកប​ដោយ​ភាព​ជាក់​លាក់​៕

No comments: