Friday, October 28, 2011

វិស័យព័ត៌មានវិទ្យា​ នៅកម្ពុជា មានការ​ រីកចម្រើនក្នុង រយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ

ផ្សាយថ្ងៃទី២៧-១០-២០១១:   ដកស្រង dap-news

ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាជនកម្ពុជា មានយល់ដឹង
ច្រើនទៅលើ វិស័យព័ត៌មានវិទ្យា ហើយបណ្តាស្ថាប័នរដ្ឋ និងអន្តរជាតិ ព្រមទាំង
ពាណិជ្ជកម្ម ចាប់ផ្តើម បង្កើតគេហទំព័រផ្ទាល់ខ្លួន ក្នុងគោលបំណងផ្សព្វផ្សាយ
រាល់ព័ត៌មាន ដើម្បីបង្កភាពងាយ ស្រួលដល់អ្នកអាន និងអតិថិជនរបស់ពួកគេ។ នេះបើយោងតាមការអះអាងពីប្រធាន គ្រប់គ្រងសេវាកម្មប្រតិបត្តិការ។

ប្រធានគ្រប់គ្រងសេវាកម្មប្រតិបត្តិការ នៃក្រុមហ៊ុនសើវីងវិប លោក ហេង ប៊ុនសុង បាននិយាយឱ្យដឹង ក្នុងកម្មវិធីសេដ្ឋកិច្ចបច្ចុប្បន្នរបស់វិទ្យុដើមអម្ពិល FM 93.75 MHz នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ ២០១១នេះថា មូលហេតុដែលក្រុមហ៊ុន
របស់លោក ចាប់ផ្តើមបង្កើតសេវាកម្មបង្កើតគេហទំព័រ ដោយលោកមើលឃើញថា មាននិស្សិតបញ្ញាវ័ន្តភាគច្រើនចាប់យកជំនាញកុំព្យូទ័រ និងមានការបង្កើតគេហទំព័រ
ថ្មីៗយ៉ាងច្រើន ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ទើបជំរុញឱ្យក្រុមហ៊ុន
របស់លោកផ្តល់សេវាកម្មបែបនេះ ដើម្បីផ្តល់ភាពងាយស្រួល ដល់ក្រុមហ៊ុននានា ធ្វើការផ្សព្វផ្សាយផលិតផល និង សេវាកម្ម របស់ក្រុមហ៊ុនពួកគេ។

លោក ហេង ប៊ុនសុង បានលើកឡើងថា “ ការវិវត្តយ៉ាងខ្លាំង នៃសេវាកម្មទូរស័ព្ទ និង អ៊ីនធឺណិតនៅកម្ពុជា ដែលធ្វើឱ្យប្រជាជនជាទូទៅ បានដឹងបានស្គាល់
ពីគេហទំព័រនានានៅលើសកលលោក និងបានជួយផ្តើមជាគំនិត សម្រាប់ក្រុម
ហ៊ុនបង្កើតគេហទំព័រ” ។

លោកប្រធានគ្រប់គ្រងសេវាកម្មប្រតិបត្តិការ បានគូសបញ្ជាក់ ពីអត្ថប្រយោជន៍នៃការ
បង្កើត គេហទំព័រឱ្យដឹងថែមទៀតថា គេហទំព័របង្កភាពងាយស្រួល ក្នុងការផ្តល់ព័ត៌
មាន ដល់អតិថិជន ចំណាយពេលខ្លី ព្រមទាំងមានព័ត៌មានជាច្រើន សម្រាប់អតិ
ថិជន។ លើសពីនេះ វាក៏រួមចំណែក បង្កើនទំនុកចិត្តពីសាធារណៈជន និង ថែមទាំង
បង្កើនទំនុកចិត្តលើស្លាកសញ្ញាក្រុមហ៊ុន និង អង្គភាព៕

No comments: