Friday, October 28, 2011

កម្ពុជាត្រូវការ កម្មករជំនាញ ដើម្បីប្រកួតក្នុង សកលភាវូបនីយកម្ម

ផ្សាយថ្ងៃទី២៧-១០-២០១១:   ដកស្រង dap-news


ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងការងារ បានសម្តែង ការព្រួយរបស់ខ្លួន នៅគ្រាដែល
កម្លាំងពលកម្ម របស់កម្ពុជាមានច្រើន ក៏ប៉ុន្តែកម្លាំងទាំងនោះ រៀនបានតិចតួច ជាហេតុមិនអាចប្រកួតប្រជែង ការងារប្រកបដោយប្រសិទ្ធភាពបាន ក្នុងសកល
ភាវូបនីយកម្ម។

រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ពេជ សោភ័ន បានមានប្រសាសន៍ នៅក្នុងសិក្ខាសាលាស្តីពី របាយការណ៍វឌ្ឍនភាព របស់កម្ម
វិធីសាកល្បង លើបច្ចេកទេស ក្រោយប្រមូលផល និងកម្មវិធីស្ពានចម្លងបន្តជំនាញ សម្រាប់អ្នកជនបទក្រីក្រ អ្នកពាក់ព័ន្ធនឹងការ បណ្តុះបណ្តាល នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០១១ នៅសណ្ឋាគារអ៊ីមភឺរៀលថា ក្នុងឆ្នាំ២០១៥ខាងមុខ កម្ពុជានឹងបើកទូលាយក្នុងការដោះដូរពាណិជ្ជកម្ម គឺយើយក៏ត្រូវត្រៀមខ្លួន ពង្រឹងកម្លាំងពលកម្ម បច្ចុប្បន្នយើងប្រើប្រាស់ផលិតផលរបស់គេ បន្តិចទៀត មិនត្រឹមតែប្រើ​ផលិតផលរបស់គេទេ នឹងត្រូវគេដណ្តើមទីផ្សារការងារ
របស់យើងទៀត បើយើងមិនយកចិត្ត ទុកដាក់ចំពោះបញ្ហានេះទេ។

លោកបានលើកឡើងថា សិស្ស និស្សិត មិនសូវចាប់អារម្មណ៍ ការសិក្សានៅសាលាជំនាញទេ ដោយសារម្នាក់ៗចង់ធ្វើតែការងារណា ដែលមិនប្រលាក់ដៃជើង អង្គុយស្រួលក្នុងការិយាល័យ មានប្រាក់ខែ ប្រាក់ចំណូលខ្ពស់។

លោកបានបញ្ជាក់ឱ្យដឹងថា ប្រទេសជឿនលឿនមួយចំនួន ដូចជា ជប៉ុន កូរ៉េ គេបានបណ្តុះបណ្តាល កម្មករជំនាញឱ្យត្រូវនឹងទីផ្សារការងារ ហើយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន «មានគោលនយោបាយច្បាស់លាស់ ធ្វើយ៉ាងណាពង្រឹងគុណភាពអប់រំ ដើម្បីមាន សមត្ថភាពការងារ ចេញពីភាពក្រីក្រ»។ ក្នុងនោះដែរយើង ក៏បានបង្កើតប្រព័ន្ធអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ TVET ( Technical Vocational Education and Training ) បីខេត្ត (បាត់ដំបង កំពត សៀមរាប) និងរាជធានីភ្នំពេញ បានបណ្តុះបណ្តាលយុវជនក្មេងៗ ដែលមិនទាន់ចប់ថ្នាក់ទី៩ ចំនួន ៧០០នាក់ និងអ្នកភូមិចំនួន ៣០០០នាក់ ។
សូមបញ្ជាក់ថា មានយុវជន ជាង ២០០.០០០នាក់ បោះបង់សាលារៀន រៀងរាល់ឆ្នាំ មុនពេលបញ្ចប់ថា្នក់ទី៩៕

No comments: