ស្ត្រីចំណាស់ម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញដេកស្លាប់ក្នុងទឹកបឹង
ផ្សាយថ្ងៃទី២៧-១០-២០១១: ដកស្រង kampucheathmey
កំពត ៖ ស្ត្រីចំណាស់ម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញដេកស្លាប់ក្នុងទឹកបឹងខណៈពេលដែលស្ត្រីរងគ្រោះបានចេញពីផ្ទះទៅមើលស្រូវបាត់រយៈពេលអស់៨ម៉ោងឆ្នាំ២០១១ នៅចម្ងាយពីផ្ទះ៥០០ម៉ែត្រស្ថិតនៅភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។
តាមប្រភពព័ត៌មានពីក្រុមគ្រួសាររបស់ជនរងគ្រោះបានប្រាប់ឲ្យកម្ពុជាថ្មីដឹងថាមុនពេលមានហេតុការណ៍នេះកើតឡើងម្ដាយរបស់គាត់ឈ្មោះ ភូ លុយ អាយុ៧២
ឆ្នាំគាត់បានចេញពីផ្ទះទៅមើលស្រូវនៅខាងលិចផ្ទះប្រហែលជា៥០០ម៉ែត្រលុះបាត់ម្ដាយយូរពេកដល់ម៉ោងជិត៥ក៏បានដើររកម្ដាយដើម្បីហូបបាយរកមិនឃើញមានការ
ឆ្ងល់ព្រោះថាម្ដាយបានទៅមើលស្រូវនៅស្រែសោះហេតុអ្វីបានជាបាត់យូរម្លេះហើយក៏ទៅរកទៅស្រែ។
ប្រភពខាងលើកបានបន្តឲ្យដឹងថាខណៈពេលទៅដល់ស្រែស្រែកហៅរកម្ដាយក៏ប្រទះឃើញម្ដាយនៅក្នុងទឹកបឹងក្បែរស្រែហើយស្រែកហៅបងប្អូនថាម្ដាយបានលង់ទឹកក្នុងបឹងស្លាប់ហើយឲ្យមកជួយទើបមានការផ្អើលឆោឡោឡើងដល់អ្នកភូមិរួចក៏បីសពម្ដាយមកផ្ទះវិញ។
តាមប្រភពមួយផ្សេងបាននិយាយថាជនរងគ្រោះស្លាប់នេះប្រហែលជាគាត់ទៅមើលស្រែហើយបោចស្មៅរួចហត់ពេកក៏ចុះងូតទឹកក៏រអិលជើងទៅក៏លង់ទឹកស្លាប់តែម្ដងដោយដឹងថាជនរងគ្រោះមានអាយុច្រើនណាស់ទៅហើយណាមួយជនរងគ្រោះមិនចេះហែលទឹកទៀតផង។
ប៉ូលិសមូលដ្ឋានបានប្រាប់ឲ្យកម្ពុជាថ្មីដឹងថាទាក់ទិនរឿងករណីលង់ទឹកស្លាប់នេះក្រោយពីបានព័ត៌មានថាមានស្ត្រីម្នាក់បានលង់ទឹកស្លាប់សមត្ថកិច្ចបានចុះទៅតាមធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុនិងពិនិត្យសពជនរងគ្រោះឃើញថា ការស្លាប់របស់ជនរងគ្រោះគឺមិនមែនជារឿងឃាតកម្មឬគំនុំអ្វីនោះទេ។
ប៉ូលិសបានបញ្ជាក់ទៀតថាក្រោយពីបានធ្វើការពិនិត្យស្រាវជ្រាវរួចហើយសមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារជនរងគ្រោះចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
No comments:
Post a Comment