Friday, October 14, 2011

ក្រុម​ហ៊ុន​ថៃ​នឹង​ខាត​បង់​រាប់​ពាន់​លាន​ដុល្លារ

ផ្សាយថ្ងៃទី១៤-១០-២០១១:  ព័ត៌មានអន្ដរជាតិ ដកស្រង postkhmer


បាងកកៈ លោក Pichai Naripthaphan រដ្ឋ​មន្ត្រី​ក្រសួង​ថាម​ពល​របស់​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា​ ឧស្សាហកម្ម​ឥន្ធនៈ​គីមី​របស់​ថៃ អាច​នឹង​ខាត​បង់​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ
ប្រសិន​បើ​រដ្ឋាភិបាល​របស់​ខ្លួន​ពុំ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​មួយ​ជាមួយ ​កម្ពុជា​ ដែល​ជា​ប្រទេស​ជិត​ខាង​របស់​ខ្លួន​លើ​តំបន់​សមុទ្រ​ត្រួត​ស៊ី​គ្នា​ដែល​ សម្បូរ​ដោយ​ប្រេង និង​ឧស្ម័ន​នោះ​ទេ។

លោក​​បាន​ឲ្យ​ដឹង​ក្នុង​បទ​សម្ភាស​មួយ​នៅ​ទីក្រុង​បាង​កក​កាល​ពី​ថ្ងៃ​ពុធ ​ថា​៖ ​«​ធនធាន​ឧស្ម័ន​របស់​ថៃ​នឹង​អស់​​ក្នុង​រយៈ​ពេល​១៥​ឆ្នាំ​ខាង​មុខ​ ហើយ​ក្រុម​ហ៊ុន​ឥន្ធនៈ​គីមី​ជា​ច្រើន​ពឹង​ផ្អែក​លើ​ឧស្ម័ន​ដែល​មាន​ក្នុង​ ឈូង​សមុទ្រ​នៃ​តំបន់​ត្រួត​ស៊ី​គ្នា​នេះ​។ ​យើង​នឹង​ខាត​បង់​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​ បើ​យើង​ពុំ​មាន​ការ​ផ្គត់​​ផ្គង់​ឧស្ម័ន​បន្ថែម​ទៀត​នោះ​ទេ»។

លោក Pichai មាន​ប្រសាសន៍​ទៀត​ថា​ រដ្ឋា​ភិបាល​ថ្មី​របស់​លោក​ស្រី​ យីង​ឡាក់ ស៊ីណា​វ៉ាត្រា ដែល​ទើប​តែ​កាន់​អំណាច​បាន​ពីរ​ខែ បាន​ព្យាយាម​ស្តារ​ទំនាក់​ទំនង​ជា​មួយ​នឹង​ប្រទេស​កម្ពុជា​ឡើង​វិញ​ បន្ទាប់​ពី​មាន​ជម្លោះ​ប្រដាប់​អាវុធ​ជា​ច្រើន​លើក​ច្រើន​សា​នៅ​តាម​ តំបន់​ព្រំ​ដែន និង​បាន​សម្លាប់​មនុស្ស​អស់​ជាង​២០​នាក់​ ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក​។

ដែន​សមុទ្រ​ដែល​ប្រទេស​ទាំង​ពីរ​នេះ បាន​អះ​អាង​ថា​ជា​របស់​ខ្លួន មាន​ប្រេង និង​ស្ម័ន
​គ្រប់​គ្រាន់​ដែល​អាច​ធានា​ការ​ផ្គត់​ផ្គង់​របស់​ប្រទេស​ថៃ​បាន ​រយៈ​ពេល​៥០​ឆ្នាំ​។

ការ​អភិវឌ្ឍ​ក្នុង​ដែន​សមុទ្រ​ទំហំ​២៦០០០​គីឡូម៉ែត្រ​ការ៉េ​ ត្រូវ​បាន​ពន្យារ​ពេល​ជាង​៣​
ទសវត្សរ៍​មក​ហើយ​។

លោក Pichai បាន​ឲ្យ​ដឹង​ថា រ៉ែ​ឧស្ម័ន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នៅ​ក្នុង​តំបន់​ជម្លោះ​នេះ យ៉ាង​ហោច​ណាស់​មាន​បរិមាណ​ស្មើនឹង​រ៉ែ​ឧស្ម័ន​របស់​ថៃ​នា​ពេល​បច្ចុប្បន្ន​ ដែល​ក្រុម
​ហ៊ុន ​BP Plc ព្យាករ​ថា​មាន​ចំនួន ១១​ពាន់​ពាន់​​លាន​ម៉ែត្រ​គូប ពោល​គឺ​ស្មើ​នឹង​១០​ដង​នៃ​រ៉ែ​ឧស្ម័ន​បម្រុង​របស់​ចិន។

លោក មាន​ប្រសាសន៍​ថា​ យ៉ាង​ហោច​ណាស់​ត្រូវ​ចំណាយ​ពេល​១០​ឆ្នាំ ដើម្បី​បូម​យក
​ឧស្ម័ន​ចេញ​ពី​ក្នុង​ដី បន្ទាប់​ពី​មាន​កិច្ច​ព្រម​ព្រៀង​ផ្នែក​នយោបាយ​ ដែល​ជា​ដំណើរ​ការ​មួយ​កំពុង​ចាប់​ផ្តើម​។

លោក​ថ្លែង​ថា​៖​ «​ពេល​នេះ វា​បង្ហាញ​ផល​វិជ្ជមាន​ខ្លាំង​ណាស់ ដែល​យើង​ចង់​ឲ្យ​កិច្ច​ព្រម​ព្រៀង​នេះ​សម្រេច​ឲ្យ​បាន​ ហើយ​កម្ពុជា​ក៏​មាន​បំណង​សម្រេច​កិច្ច​ព្រម​ព្រៀង​នេះ
​ដែរ​។ យើង​គ្រាន់​តែ​ត្រូវ​បញ្ជាក់​ឲ្យ​ប្រាកដ​ថា នយោបាយ​ផ្ទៃ​ក្នុង​ពុំ​មែន​ជា​ឧបសគ្គ​មួយ​
ចំពោះ​កិច្ច​ព្រម​ព្រៀង​នេះ ទេ»៕

No comments: