ព្យុះសម្លាប់មនុស្ស ២៩នាក់ នៅអាមេរិកកណ្តាល និងម៉ិចស៊ីកូ
ផ្សាយថ្ងៃទី១៤-១០-២០១១: ព័ត៌មានអន្ដរជាតិ ដកស្រង dap-news
GUATEMALA CITY៖ ខ្យល់ព្យុះមួយបានបោកបក់ខណៈដែលមានភ្លៀងធ្លាក់
យ៉ាងធ្ងន់ធ្ងរ នៅតំបន់អាមេរិកកណ្តាល និងឆ្នេរសមុទ្រប៉ាស៊ីហ្វិក នៃប្រទេសម៉ិច
ស៊ីកូ បណ្តាលឲ្យមនុស្ស ២៩នាក់ស្លាប់ និងមនុស្សរាប់ពាន់នាក់ផ្សេងទៀត ត្រូវភៀសខ្លួនចេញពីលំនៅដ្ឋានរបស់ខ្លួន ។ នេះបើយោងតាមការលើកឡើង របស់មន្ត្រីមួយចំនួន កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០១១កន្លងទៅនេះ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Channel News Asia ចុះថ្ងៃទី១៤ ខែតុលាឆ្នាំ២០១១
នេះ បានឲ្យដឹងថា ក្នុងចំណោមជនរងគ្រោះទាំងនោះ ប្រជាជនដែលរស់នៅ តំបន់
អាមេរិកកណ្តាល ២៤នាក់ ត្រូវស្លាប់ និងមនុស្សប្រមាណជាង ៦០.០០០ នាក់ផ្សេង
ទៀត គ្មានជម្រកស្នាក់នៅ។ នេះជាការលើកឡើងរបស់ ភ្នាក់ងារសង្គ្រោះបន្ទាន់ និងអាជ្ញាធរក្នុងតំបន់។
ដោយឡែកជនរងគ្រោះ ៥នាក់ទៀតជាជនជាតិ ម៉ិចស៊ីកូ និង យ៉ាងហោចណាស់
មនុស្ស ៤.០០០នាក់ ដែលរស់នៅ Hurricane Jova's ត្រូវបង្ខំចិត្តចាកចេញពីលំនៅ ដ្ឋានរបស់ខ្លួន ដោយសារកម្លាំងទឹកហូរខ្លាំង។ ខ្យល់ព្យុះនេះ បណ្តាលឲ្យមានទឹក
ជំនន់ជន់ឡើងយ៉ាងឆាប់រហ័ស ផ្លូវជាតិជាច្រើនត្រូវកកស្ទះ ចរន្តអគ្គីសនីត្រូវ
បានផ្តាច់ និងលំនៅដ្ឋានជាច្រើនត្រូវរងការបំផ្លាញ។
គួរបញ្ជាក់ថាកាលពីឆ្នាំមុន កម្លាំងភ្លៀងធ្លាក់យ៉ាងធ្ងន់ធ្ងរ នៅតំបន់អាមេរិកកណ្តាល បណ្តាលឲ្យមនុស្ស ២៧៤នាក់ត្រូវស្លាប់ ដោយសារទឹកជំនន់ និងបាក់ដី ដែលនេះ
ជាភ្លៀងធ្លាក់ដ៏ធ្ងន់ធ្ងរមួយ ពុំធ្លាប់កើតមានរយៈពេល ៦០ឆ្នាំមកហើយ៕
No comments:
Post a Comment