ប្រជាជនរងគ្រោះជាង១០០០គ្រួសារនៅស្រុកកំពង់ត្រាច ខេត្តកំពត ទទួលអំណោយពីកាកបាទក្រហមកម្ពុជា
ផ្សាយថ្ងៃទី២៦-១០-២០១១: ដកស្រង bayontv
កំពត៖ អំណោយរបស់កាកបាទក្រហមកម្ពុជាត្រូវបានយកមកចែកជូនដល់ ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចំនួន២ឃុំក្នុងស្រុកកំពង់ត្រាច ខេត្តកំពត កាលពីព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០១១នេះហើយ។យោងតាមតួលេខបាន បញ្ជាក់ថា ប្រជាពលរដ្ឋទាំង២ឃុំដែលត្រូវទទួលអំណោយកាកបាទក្រហមកម្ពុជាសរុប១០៤០គ្រួសារ ក្នុងនោះមានឃុំព្រែកក្រឹសនិងឃុំភ្នំប្រាសាទ ដែលកំពុងជួបនូវបញ្ហាគ្រោះមហន្តរាយនៃទឹកជំនន់នាពេលកន្លងមកនោះ។
នៅព្រឹកនេះដែរគេឃើញវត្តមានលោកស្រី ម៉ែន នារីសុភ័ក្រ អគ្គនាយករងកាកបាទក្រហមកម្ពុជានិងអាជ្ញាធរខេត្តកំពតគ្រប់លំដាប់ថ្នាក់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរស្ថាប័នរដ្ឋក្នុងខេត្តជាពិសេសសាខា កាកបាទក្រហមកម្ពុជាដែលមានតួនាទីយ៉ាងសំខាន់និងក៏មានការចូលរួមចំណែកពី សំណាក់ស្ថានទូតចិនប្រចាំក្នុងប្រទេសកម្ពុជាផងដែរ។
លោក អ៊ឹង ម៉េងហ៊ួរ អភិបាលរងខេត្តកំពតបានគូសបញ្ជាក់ថា គ្រោះទឹកជំនន់បានគំរាមកំហែងស្រុកចំនួន២នៃខេត្តកំពតគឺស្រុក បន្ទាយមាសនិងស្រុកកំពង់ត្រាចដោយបញ្ហាជំនន់នេះបានបណ្តាលឱ្យមានផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើផ្ទៃដីបង្កបង្កើនផលអស់រាប់ពាន់ហិកតា ថែមទាំងធ្វើឱ្យលិចលង់ភូមិឋានប្រជាពលរដ្ឋអស់ជាច្រើនពាន់ខ្នងដែលបាន បង្កបញ្ហាដល់ប្រជាជនគ្មានទីជម្រកនិងកង្វះស្បៀងអាហារប្រចាំថ្ងៃ ហើយកត្តាខាងលើបានជំរុញឱ្យមនុស្ស សត្វរស់នៅតំបន់នេះត្រូវជម្លៀសចេញដើម្បីរកទីសុវត្ថិភាពផងដែរ។
លោកបានបន្តថា ចំពោះការចែកអំណោយក្នុងថ្ងៃនេះនឹងត្រូវប្រព្រឹត្តិឡើងនៅក្នុងទីវត្ត អង្គជុំព្រៃទប់ស្ថិតក្នុងឃុំបឹងសាលាខាងជើង សំរាប់ធ្វើជាទីកន្លែងផ្តល់អំណោយសង្គ្រោះរបស់កាកបាទក្រហមកម្ពុជាជូន ដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចំនួន១០៤០គ្រួសារចែកជា២ឃុំ គឹឃុំព្រែកក្រឹសនិងឃុំភ្នំប្រាសាទ ក្នុងតំបន់ស្រុកកំពង់ត្រាច ខេត្តកំពត ។
លោក អ៊ឹងម៉េង ហ៊ួរ បានបញ្ជាក់ទៀតថា អំណោយដែលត្រូវចែកជូនថ្ងៃនេះ ក្នុងមួយគ្រួសារត្រូវទទួលបានអង្ករ២៥គីឡូក្រាម មី១កេះ ត្រីខ១ឡូ មុង១ ភួយ១និងសាប៊ូកក់សក់២ឡូផងដែរ។
លោក ខូយ ឃុនហ៊ួរ អភិបាលខេត្តកំពត ក្នុងឱកាសនោះ លោកក៏បាន សំណេះសំណាលសួរសុខទុក្ខ និងផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងចាស់-ក្មេង សូមមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច កុំធ្វេសប្រហែស ជាពិសេសកុំបណ្តោយឱ្យកូនឬចៅដែលមានវ័យមិនទាន់ដឹងក្តី ចុះទឹកលេងផ្តេសផ្តាសខ្លាចក្រែងកើតមានបញ្ហាគ្រោះថ្នាក់ដល់អាយុ ជីវិត ព្រោះតំបន់នេះបានប្រែក្លាយជាចំណុចនៃជំនន់អស់ហើយ។
លោក អភិបាលខេត្តកំពតបានបន្តថា នៅក្នុងអាណាចក្រខេត្តរបស់យើងថ្វីត្បិតកើតមានទឹកជំនន់មែនតែ មិនទាន់លេចឮករណីមនុស្សស្លាប់ដោយសារលង់នឹងជំនន់នោះឡើយ ហើយចំពោះការចែកអំណោយសង្គ្រោះរបស់កាកបាទក្រហមនេះ ពិតមែនតិចតួចស្តួចស្តើង ប៉ុន្តែក៏អាចជួយដោះស្រាយដល់ជីវភាពដល់ប្រជាពលរដ្ឋក្នុងតំបន់នេះ បានមួយគ្រាដែរ ហើយក្នុងអំឡុងពេលជំនន់ស្រកនាពេលខាងមុខ អាជ្ញាធរនឹងបន្តចាត់វិធានការថ្មីសំរាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ រងគ្រោះដោយជំនន់នេះបន្តទៀតនាពេលខាងមុខនេះ៕
No comments:
Post a Comment