ចំនួនអ្នកស្លាប់ដោយទឹកជំនន់កើនដល់ ១៦៩នាក់
ផ្សាយថ្ងៃទី០៦-១០-២០១១: ដកស្រង postkhmer.
ភ្នំពេញៈ ចំនួនប្រជាជនរងគ្រោះស្លាប់់បាត់បង់ជិវិតដោយសារគ្រោះទឹកជំនន់បាន
កើនឡើងរហូតដល់ចំនួន១៦៩នាក់ហើយគិតនៅត្រឹមថ្ងៃពុធ។ នេះបើយោងតាមមន្រ្តីរដ្ឋាភិបាលដែលបានថ្លែងកាលពីថ្ងៃពុធ។
លោក កែវ វី នាយកខុទ្ទកាល័យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
បានថ្លែងថា ប្រជាជន៣នាក់ទៀត បានលង់ទឹកក្នុងខេត្តកំពង់ចាម ដែលនាំឲ្យចំនួន
អ្នកស្លាប់ក្នុងខេត្តបានកើនឡើងដល់ ៤២នាក់ ដែលជាចំនួនខ្ពស់បំផុតក្នុងប្រទេស
កម្ពុជា ខណៈដែលមានប្រជាជនចំនួន ៣៩ នាក់បានលង់ទឹកក្នុងខេត្តព្រៃវែង។
លោកនាយកខុទ្ទកាល័យរូបនេះបានថ្លែងថា៖ «ក្នុងចំណោមអ្នកស្លាប់ចំនួន ១៦៩
នាក់ មានចំនួន៦៨នាក់ ជាក្មេងមានអាយុក្រោម១៥ឆ្នាំ ហើយវាបណ្តាលមកពីការធ្វេសប្រហែសរបស់ឪពុកម្តាយក្មេងៗទាំងនោះ»។ លោកបានបន្តថា កម្រិតទឹកនៅទ
ន្លេមេគង្គនឹងចាប់ផ្តើមស្រកនៅថ្ងៃសុក្រសប្តាហ៍នេះ»។
លោក កែវ វី បានថ្លែងបន្តទៀតថា ទឹកជំនន់នោះគឺជាលទ្ធផលមួយនៃការប្រែប្រួល
អាកាសធាតុ។ មុនឆ្នាំ២០០៩ ទឹកជំនន់បានកើតឡើងតាមរដូវ ប៉ុន្តែ បន្ទាប់ពីឆ្នាំ២០០៩ ទឹកជំនន់បានកើតឡើងមិនប្រក្រតី ជាពិសេសទឹកជំនន់ដែលបណ្តាលមកពី
ទឹកភ្លៀង។
លោក ម៉ុក ម៉ារ៉េត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងកាលពីថ្ងៃពុធម្សិលមិញនៅក្នុង
ពិធីបិទវេទិកាជាតិលើកទី២ ស្តីពីការប្រែប្រួលអាកាសធាតុថា សកម្មភាពអនាធិបតេយ្យរបស់មនុស្សក៏ជាបុព្វហេតុបណ្តាលឲ្យមានទឹកជំនន់ក្នុងប្រទេសកម្ពុជាផងដែរ ដែលមានដូចជា ការចាក់ដីបំពេញទន្លេ ឬបំពេញបឹង និងការកាប់ព្រៃ
ឈើ ...។
លោកក៏បានលើកបង្ហាញជា ឧទាហរណ៍មួយថា ទឹកជំនន់ក្នុងខេត្តសៀមរាប គឺបណ្តាលមកពីការចាក់ដីក្នុងស្ទឹងសៀមរាប។
លោករដ្ឋមន្ត្រីបានថ្លែងបន្តថា៖«ប្រជាជនចាក់ដីចូលទៅក្នុងស្ទឹងសៀមរាបដើម្បីសាងសង់ផ្ទះ ហើយកាក់សំណល់ពីផ្ទះប្រជាជនទាំងនោះជាមូលហេតុមួយទៀតដែរ
ដែលធ្វើឲ្យជម្រៅស្ទឹងនោះរាក់ទៅៗ»។
លោករដ្ឋមន្រ្តីក៏បានអំពាវនាវឲ្យប្រជាជនទូទាំងពិភពលោកធ្វើការរួមគ្នា ដើម្បីប្រយុទ្ធ
ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ពីព្រោះថា បើមិនដូច្នោះទេ វានឹងបណ្តាលឲ្យមានគ្រោះមហន្តរាយធ្ងន់ធ្ងរ៕


No comments:
Post a Comment