Monday, October 17, 2011

អង្ករចេញលក់ ក្រោយមានបទបញ្ជា

ផ្សាយថ្ងៃទី១៧-១០-២០១១:  postkhmer


ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន បាន​បញ្ជា​ឲ្យ​ធនាគារ​អភិវឌ្ឍន៍​ជន​បទ​ធ្វើ​ការ​រួម​គ្នា​ជាមួយ​សមាគម​ រោង​ម៉ាស៊ីន​កិន​ស្រូវ​នៅ​កម្ពុជា ដែល​ខ្ចី​ឥណទាន​ពី​ធនាគារ​នេះ ដើម្បី​បញ្ចេញ​អង្ករ​លក់​តាម​ទីផ្សារ​ក្នុង​តម្លៃ​ថោក​ដើម្បី​ទប់​ ការ​ឡើង​ថ្លៃ​ដ៏​តក់​ក្រហល់។

លោក ស៊ុន គន្ធរ អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជន​បទ បាន​និយាយ​ថា​ លោក​នាយក​
រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន បាន​បញ្ជា​រូប​លោក​ឲ្យ​សហការ​ជាមួយ​សមាគម​រោង​ម៉ាស៊ីន​កិន​ស្រូវ ដើម្បី​បញ្ចេញ​អង្ករ​លក់​ក្នុង​តម្លៃ​មួយ​ទាប​ដើម្បី​ទប់​តម្លៃ​អង្ករ​ដែល​ឡើង​ថ្លៃ​ដ៏​រំជើប​
រំជួល​ក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍​ចុង​ក្រោយ​នេះ។

លោក ស៊ុន គន្ធរ និយាយ​ថា៖ «នេះ​ជា​យុទ្ធនាការ​របស់​សម្តេច​តេជោ លោក​ បញ្ជា​ផ្ទាល់​មក​ខ្ញុំ​ កាល​ពី​ម្សិល​ម្ង៉ៃ [សុក្រ]»។

លោក​ ស៊ុន គន្ធរ​ បាន​បន្ត​ថា​ ការ​ដាក់​លក់​អង្ករ​នេះ ​នឹង​ធ្វើ​ឡើង​រហូត​ដល់​តម្លៃ​អង្ករ​នៅ​លើ​ទីផ្សារ​មាន​ស្ថិរភាព​ឡើង​វិញ ដើម្បី​បង្ការ​ការ​ឆ្លៀត​ឱកាស​កេង​យក​ប្រយោជន៍​
ពី​សំណាក់​ឈ្មួញ​កណ្តាល ពី​គ្រោះ​ទឹក​ជំនន់​នេះ។

យោង​តាម​តម្លៃ​អង្ករ​ជាក់​ស្តែង ​ដែល​ដាក់​លក់​នៅ​តាម​ស្តង់​ទាំង ៦​កន្លែង​នៅ​រាជធានី​ភ្នំពេញ គឺ​ក្នុង​មួយ​គីឡូ​ក្រាម អង្ករ​នាង​ម៉ិញ​ថ្លៃ​២ ៣៣០៛ ស្មើ​នឹង ៥៧០​ដុល្លារ​មួយ​តោន ​ ផ្លា​ម្លិះ​ប្រភេទ​បាក់ ២៥% ថ្លៃ ៣៣៥០​៛ ស្មើ​នឹង ៨១៩​ដុល្លារ​មួយ​តោន រី​ឯ​អង្ករ​ផ្កា​ម្លិះ​ប្រភេទ​បាក់ ៥% ថ្លៃ ១ ០០០​ដុល្លារ​មួយ​តោន។

កាល​សប្តាហ៍​មុន​នេះ អាជីវករ​លក់​អង្ករ បាន​អះ​អាង​ថា ​អង្ករ​នាង​ម៉ិញ​ថ្លៃ​ប្រមាណ ៦៧០​ដុល្លារ​ក្នុង​មួយ​តោន ដោយ​សារ​រោង​ម៉ាស៊ីន​មិន​មាន​ស្រូវ​គ្រប់​គ្រាន់​សម្រាប់​ផ្គត់
​ផ្គង់។

លោក​បណ្ឌិត យ៉ង​ សាំង​កុមារ ប្រធាន​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ហៅ​កាត់​ថា CEDAC បាន​និយាយ​ថា ​លោក​គាំទ្រ​ចំពោះ​យុទ្ធសាស្រ្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជួយ​ ទប់​ស្កាត់​តម្លៃ​អង្ករ​នៅ​លើ​ទីផ្សារ តែ​ត្រូវ​មាន​ការ​ប្រយ័ត្ន​។

លោក បាន​មាន​ប្រសាសន៍​ថា៖​ «អន្តរាគមន៍​ត្រូវ​តែ​ប្រយ័ត្ន​ដែរ​ ជួន​កាល​ធ្វើ​ខ្លាំង​ពេក វា​អាច​ប៉ះ​ពាល់​ដល់​យន្ត​ការ​ទីផ្សារ​សេរី​ តែ​សំខាន់​បញ្ហា​ស្បៀង»។ លោក​បាន​បន្ថែម​
ថា៖ «ខ្ញុំ​គិត​ថា ធ្វើ​នេះ​ជា​រឿង​ត្រឹម​ត្រូវ​ ដើម្បី​ជួយ​កុំឲ្យ​ឡើង​ថ្លៃ​ខ្លាំង​ពេក»។

លោក បាន​លើក​ឡើង​ផង​ដែរ​ថា រដ្ឋាភិបាល​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ហូរ​ចេញ​ស្រូវ​ទៅ​កាន់​ ប្រទេស​ជិត​ខាង​ក្រោយ​ប្រមូល​ផល​ហើយ ដើម្បី​ចៀសវាង​ការ​ខ្វះខាត​តម្រូវ​ការ​ក្នុង​ស្រុក ស្រប​ពេល​ដែល​​ការ​ផលិត​ស្រូវ​ក្នុង​ប្រទេស​មិន​ដឹង​ថា​ទទួល​ផល​តិច ​ឬ​ច្រើន​ផង​នោះ។

លោក ភួ ពុយ ដែល​ជា​ប្រធាន​សមាគម​រោង​ម៉ាស៊ីន​កិន​ស្រូវ​កម្ពុជា​ បាន​បដិសេធ​មិន​
ធ្វើ​អធិប្បាយ ដោយ​រង់​ចាំ​រហូត​ដល់​ពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃ​នេះ៕

No comments: