Tuesday, October 11, 2011

ការខូចខាតពីទឹកជំនន់អស់$១០០លាន

ផ្សាយថ្ងៃទី១១-១០-២០១១:  ដកស្រង postkhmer


ភ្នំពេញៈ គ្រោះ​ទឹក​ជំនន់​ដែល​បាន​និង​កំពុង​កើត​មាន​នៅ​ប្រទេស​កម្ពុជា អាច​បង្ក​ការ​
ខូច​ខាត​ជា​ច្រើន បើ​គិត​ជា​ទឹក​ប្រាក់​ជាង​១០០​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​តាម​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​(NCDM) កាល​ពី​ថ្ងៃ​ម្សិលមិញ។

ទឹក​ជំនន់ ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ដើម​ខែ​កញ្ញា បាន​សម្លាប់​មនុស្ស​ ២០៧​នាក់​ហើយ​មក​ដល់​ពេល​នេះ​ និង​បាន​បង្ខំ​ឲ្យ​ប្រជា​ពលរដ្ឋ​ ៣២ ០០០​គ្រួសារ​ ចាក​ចេញ​ពី
​ផ្ទះ​សម្បែង ផ្ទៃ​ដី​ធ្វើ​ស្រែ​ទំហំ ៤៤៥ ៥៣១​ ហិកតា ត្រូវ​ជន់​លិច ស្ពាន​ជាង​១៦០​កន្លែង
ត្រូវ​លិច​លង់ ហើយ​ផ្លូវ​ជាតិ និង​ផ្លូវ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ប្រវែង ១៨០​គីឡូ​ម៉ែត្រ​ ត្រូវ​ទទួល​រង​ការ​ខូច​ខាត។

តាម​របាយការណ៍​ឲ្យ​ដឹង​ថា តួ​លេខ​នៃ​ការ​ខូច​ខាត​ផ្លូវ​ថ្នល់ ផល​ដំណាំ និង​អគារ​រាប់​ពី​
ខេត្ត​បាត់​ដំបង ដល់​បន្ទាយ​មាន​ជ័យ គិត​ជាទឹក​ប្រាក់ បាន​កើន​ឡើង​ដល់​ចំនួន​តួ​លេខ​ ដែល​បាន​ប៉ាន់​ប្រមាណ​ខាង​លើ​(១០០​លាន​ដុល្លារ​)​។

ក្នុង​ចំណោម​វាល​ស្រែ​ដែល​ទទួល​រង​ផល​ប៉ះ​ពាល់​ដោយ​ទឹក​ជំនន់ គឺ​ផ្ទៃ​ដី​១២៦ ៦៣២
​ហិក​តា បាន​ទទួល​រង​ ការ​ខូច​ខាត​ទាំង​ស្រុង។ សំណាប​ជាង ៦៣០​ហិកតា ក៏​បាន​ទទួល​រង​ផល​ប៉ះ​ពាល់​ផង​ដែរ។ បញ្ហា​នេះ​ធ្វើ​ឲ្យ​ការ​ច្រូត​កាត់​នៅ​ចន្លោះ​ខែ​វិច្ឆិកា និង​កុម្ភៈ ស្ថិត​ក្នុង​ហានិភ័យ។

លោក ញឹម វណ្ណ​ដា អនុ​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា៖ «​យើង​សង្កេត​ឃើញ​ថា ទឹក​ជំនន់ ប៉ះ​ពាល់​ខ្លាំង​ក្លា​ជាង​គេ​លើ​ដំណាំ​ស្រូវ»។ លោក​បាន​បន្ថែម​ថា កសិករ ពឹង​ផ្អែក​លើ​ដំណាំ​នេះ សម្រាប់​រក​ប្រាក់​ចំណូល និង​ទុក​ទទួល​ទាន៖ «ដូច្នេះ នេះ​ជា​ចំណុច​ដែល​រដ្ឋាភិបាល
និង​អាជ្ញាធរ​មូល​ដ្ឋាន​ត្រូវ​ព្រួយ​បារម្ភ​អំពី​ជីវភាព​របស់​ប្រជាជន»។

លោក Tim Purcell នាយក​អង្គ​ការ​អភិវឌ្ឍន៍​កសិកម្ម​អន្តរជាតិ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​
មិញ​ថា ការ​កើន​ឡើង​តម្លៃ​ស្រូវ​ទ្វេ​ដង​នៅ​ប្រទេស​ថៃ បាន​ការពារ​ឧស្សាហកម្ម​ស្រូវ​នៅ​កម្ពុជា​មិន​ឲ្យ​ខាត​បង់​ខ្លាំង​ពេក​ទេ​។

លោក​ថ្លែង​ថា តម្លៃ​ស្រូវ​បាន​ឡើង​ថ្លៃ​ពី​ប្រហែល ២៥០​ដុល្លារ ទៅ ៥០០​ដុល្លារ​ ក្នុង​មួយ​តោន​នឹង​ធ្វើ​ឲ្យ​រោង​ម៉ាស៊ីន​កិន​ស្រូវ​ជា​ច្រើន​នៅ​ថៃ ស្វែង​រក​ទិញ​ស្រូវ​ពី​កម្ពុជា រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។ លោក Purcell បាន​ឲ្យ​ដឹង​ថា ការ​ថយ​ចុះ​នូវ​ផលិតកម្ម​ស្រូវ ដោយ​សារ​តែ​ទឹក​ជំនន់​នឹង​មាន​ចំនួន​តិច​តួច​ប៉ុណ្ណោះ។ ការ​ធ្វើ​ស្រែ​វស្សា​បាន​កើន​ឡើង​ជាង​៤,៣​ភាគ​រយ ឬ ១១៣ ១៨០​ហិកតា នៅ​ចន្លោះ​ឆ្នាំ​២០១០ និង ២០១១។ លោក​បញ្ជាក់​ថា ទិន្ន​ផល​កើន​ឡើង នឹង​អាច​ទូទាត់​ការ​ខូច​ខាត​ដោយ​ទឹក​ជំនន់​បាន។

ទឹក​ជំនន់​បាន​បំផ្លាញ​ផ្ទះ​ប្រជាជន​អស់​ចំនួន​ ៦៤០​ខ្នង និង​សាលា​រៀន ១ ១៣២​កន្លែង
​កាល​ពី​៣​សប្តាហ៍​មុន។

ទោះ​បី​ជា NCDM មិន​បាន​ផ្តល់​តួ​លេខ​ទាក់​ទង​នឹង​ការ​ខូច​ខាត​រចនា​សម្ព័ន្ធ​ទាំង​នោះ​ក្តី ប៉ុន្តែ​អ្នក​ភូមិ ទឹក​អណ្តូង ក្នុងខេត្ត​កំពង់​ធំ​ ដែល​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ចុង​ខែ​មុន​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ថ្មី​ៗ​នៅ​ក្នុង​ភូមិ​ដែល​សង់​ខ្ពស់​ពី​ដីប្រមាណ​៣​ម៉ែត្រ​មួយ​ខ្នង​ មាន​តម្លៃ​ប្រហែល​៦​ពាន់​ដុល្លារ​។

កសិករ ដួង សាវ៉ន នៅ​ភូមិ​ទឹក​អណ្តូង ខេត្ត​កំពង់​ធំ បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​គាត់​
វិញ​កាល​ពី​ពាក់​កណ្តាល​ខែ​កញ្ញា ដើម្បី​ស្វែង​រក​បំណែក​អគារ​របស់​គាត់ ដែល​បាន​ដួល​រលំ​ទៅ​ក្នុង​ទឹក។

កសិករ​ដែល​មាន​វ័យ ៥២​ឆ្នាំ​រូប​នេះ បាន​ឲ្យ​ដឹង​ថា អ្នក​ស្រី នឹង​យក​បាន​មក​វិញ នូវ​ឈើ​ធ្វើ​ផ្ទះ ហើយ​អាច​សង់​ផ្ទះ​ឡើង​វិញ ដោយ​ចំណាយ​អស់​ប្រហែល ១ ៦០០​
ដុល្លារ​។

លោក ហូ វណ្ឌី សហ​ប្រធាន​ក្រុម​ការ​ងារ​ទេសចរណ៍​វិស័យ​ឯក​ជន បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា នៅ​ក្នុង​ទី​ក្រុង និង​តំបន់​ជា​ច្រើន ដែល​ទាក់​ទាញ​ភ្ញៀវ​ទេសចរ អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​នៅ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ ដែល​ក្នុង​នោះ​មាន​រាប់​ទាំង​ពី​អ្នក​រត់​រឺម៉កកង់​បី ​ដល់​ម្ចាស់​រមណីយ​ដ្ឋាន បាន​ទទួល​រង​ផល​ប៉ះ​ពាល់​ពី​ទឹក​ជំនន់​។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​នេះ មិន​ទាន់​បាន​កំណត់​ទំហំ​ទឹក​
ប្រាក់​នៃ​ការ​ខូច​ខាត​អគារ​ និង​អាជីវ​កម្ម​របស់​ខ្លួន​ឡើយ ប៉ុន្តែ​លោក​អះអាង​ថា ក្រុម​ការ​ងារ​នេះ​នឹង​បញ្ជូន​សំណើ​ទាម​ទារ​សំណង​ពី​រដ្ឋាភិបាល នៅ​ខែ​ក្រោយ។

យោង​តាម​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ បាន​ឲ្យ​ដឹង​ថា គ្រាន់​តែ​ការ​ចំណាយ​លើ​ការ​ជួស​ជុល​ផ្លូវ​ និង​ស្ពាន​ត្រូវ​គេ​ប៉ាន់​ប្រមាណ​នឹង​ចំណាយ​អស់ ២០​
លាន​ដុល្លារ ក្នុង​ចំនួន​ទឹក​ប្រាក់​១០០​លាន​ដុល្លារ​នេះ៕

No comments: