Wednesday, October 12, 2011

បរទេស​ផ្តើម​ផ្តល់​ជំនួយ​បន្ទាន់​សម្រាប់​គ្រោះ​ទឹកជំនន់ មុន​កម្ពុជា​អំពាវនាវ

ផ្សាយថ្ងៃទី១២-១០-២០១១:  ដកស្រង postkhmer


ភ្នំពេញៈ ជំនួយ​សង្គ្រោះ​បែប បន្ទាន់​សម្រាប់​មហន្តរាយ​ទឹក​ជំនន់​នៅប្រទេស​
កម្ពុជា ​បាន​ចាប់ផ្តើម​នៅ​សប្តាហ៍​នេះ ​បើ​
ទោះ​ជា​រដ្ឋាភិបាល​កម្ពុជា​មិនទាន់​ធ្វើ​ការ​អំពាវនាវ​ជា​ផ្លូវការ​ណាមួយ ​ស្វែង​រក​ជំនួយ​បរទេស​ក៏​ដោយ។

សហរដ្ឋ​អាមេរិក​កាល​ពី​ម្សិលមិញ ​បាន​ប្រកាសពី​ជំនួយ​របស់​ខ្លួន ​ដោយ​ប្រកាស​ផ្តល់​ជំនួយ​សង្គ្រោះ​សម្រាប់​កុមារ​ចំនួន​៥ ម៉ឺន​ដុល្លារ​អាមេរិក ​ក្នុង​បំណង​ផ្តល់​ទៅ​គ្រួសារ​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត​ចំនួន ​២ ៥១៥​គ្រួសារ នៅ​ក្នុង​ខេត្ត​កំពង់ចាម។

ជាង​នេះ​ទៅ​ទៀត​ ​អ្នក​នាំ​ពាក្យ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) បាន​ព្រលយ​អំពី​លទ្ធភាព ដែល​មូលនិធិ​នេះ​នឹង​ឆ្លើយ​តប​ចំពោះ​គ្រោះ​មហន្តរាយ​នៅតំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ហើយ​ដែល​អាច​នឹង​ផ្តល់​ឲ្យ​ប្រទេស​កម្ពុជា​ផងដែរ។

អ្នក​នាំពាក្យ​រូបនេះ​បាន​ថ្លែង​បន្ត​ថា​ ADB កំពុង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជា​មួយនឹង​រដ្ឋា​ភិបាល​កម្ពុជានៅ​ក្នុង​ការ​កំណត់​ការ​ឆ្លើយតប​បន្ទាន់​សម​ស្រប​ រួម​មាន​ដូច​ជា​ ​លទ្ធភាព​ផ្តល់​នូវ​មូលនិធិ​ឆ្លើយ​តបចំពោះ​គ្រោះ​មហន្តរាយ​សម្រាប់តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

មូលនិធិ​នោះ​ ត្រូវ​បាន​រៀបចំ​ដើម្បី​ផ្តល់​នូវ​ជំនួយ​បន្ទាន់​ ដែល​មាន​ចំនួនរហូត​ដល់​៣
​លាន​ដុល្លារ​អាមេរិក​ សម្រាប់​ប្រកាស​ផ្តល់​ដល់​ប្រទេស​ដែល​ទទួល​រងគ្រោះ​មហន្ត
រាយ​ធម្មជាតិ​នេះ»។ នេះ​បើ​យោង​តាម​គេហទំព័រ​របស់​ ADB ។

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​ថ្លែង​បន្ត​ទៀត​ថា ​៖ «​ ADB បាន​ធានា​ដល់​រដ្ឋា​ភិបាល​ ចំពោះ​
ការ​ផ្តល់​ជំនួយ​របស់​ខ្លួនជាបន្ត»។

ជំនួយ​របស់​ ADB និង​សហរដ្ឋអាមេរិក ​​ធ្វើ​ឡើង ​ក្នុងខណៈ​ដែល​មាន​ការ​សន្យា​ផ្តល់​
កាល​ពី​ដើម​សប្តាហ៍​ដោយ​ប្រទេស​សិង្ហបុរី ហើយ​និង​ប្រទេស​ចិន។

កាល​ពី​ថ្ងៃ​ចន្ទ អ្នក​នាំ​ពាក្យ​ប្រទេស​សិង្ហបុរី​ បាន​ប្រកាស​ថា នឹង​ផ្តល់​ជំនួយ​១០ ម៉ឺន​ដុល្លារ តាម​រយៈ​កាកបាទ​ក្រហម​របស់​សិង្ហបុរី ​សម្រាប់​ប្រទេស​ថៃ កម្ពុជា​ និង​ប្រទេស​ដទៃ​ផ្សេត​ទៀត នៅ​ក្នុង​តំបន់​ដែល​ទទួល​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​នា​ពេល​ថ្មីៗ​នេះ។

រីឯ​ប្រទេស​ចិន​វិ​ញកាល​ពី​យប់​ថ្ងៃ​អង្គារ តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួ បាន​រាយការណ៍​ថា ចិន​នឹង​បរិច្ចាគ​ប្រាក់​ចំនួន​៥០​លាន​យន់​(ប្រមាណ៧,៨៧​លាន​ដុល្លារ​
អាមេរិក)​សម្រាប់​កិច្ច​ខិតខំ​ប្រឹង​ប្រែងផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់ ​ដែ​ល​បង្ក​ដោយ​ទឹកជំនន់​នៅឆ្នាំនេះ។

លោក Edgar Pang អនុប្រធាន​បេសកកម្ម​នៅ​ស្ថាន​ទូត​សិង្ហបុរី បាន​ថ្លែង​ពី​ម្សិល​មិញ​ថា ជំនួយ​របស់​ប្រទេស​សិង្ហបុរី​នឹង​ត្រូវ​ផ្តល់​ឲ្យ​នា​ពេល​ខាង​មុខ​ឆាប់ៗ នេះ ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដោយ​ពន្យល់​ថា កាកបាទ​ក្រហម​របស់​ប្រទេស​សិង្ហបុរី​ កំពុង​តែធ្វើ​ការ​ជាមួយ​សមភាគី​កម្ពុជា​ ដោយ​ធ្វើ​ការ​ពិភាក្សា​លម្អិត​អំពី​ការ​ផ្តល់​ជំនួយ​នេះ។

ជំនួយ​ទាំង​អស់​ ​បាន​ធ្វើ​ឡើង ​បើទោះ​សភាព​ជាក់ស្តែង​ ​រាជរដ្ឋាភិបាល​កម្ពុជា​ នៅ​មិន​ទាន់​ធ្វើការ​អំពាវនាវ​ជា​ផ្លូវការ​ ក្នុងការ​ស្វែង​ជំនួយ​បរទេស​ក៏​ដោយ។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី បាន​ថ្លែង​នៅថ្ងៃ​ម្សិល​មិញ​ថា​ ស្ថានភាព​គឺ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​គ្រប់គ្រង​បាន​ ហើយ​រដ្ឋា​ភិបាល​អាច​ដោះ​ស្រាយ​បញ្ហា​បាននៅឡើយ​។ លោក​បាន​ថ្លែង​បន្តថា ​វា​លឿន​ពេក​ ​ដូច្នេះ​ ការ​ធ្វើ​សំណើ​ផ្លូវការ​ស្វែងរក​ជំនួយ​បរទេស​មិនទាន់​ធ្វើ​នៅឡើយ​ទេ​ ប៉ុន្តែ​ ​នៅ​ពេល​ដែល​ទឹក​ជំនន់​
ស្រកចុះ​ ហើយ​ការ​ខូចខាត​សរុប​ត្រូវ​បាន​វាយ​តម្លៃ​រួច​ នោះ​រដ្ឋាភិបាល​នឹង​ធ្វើ​ការ​អំពាវនាវ​ដើម្បី​ស្វែងរក​ជំនួយ៕

No comments: