ថៃ អាចខូចខាតស្រូវ ៧លានតោន
ផ្សាយថ្ងៃទី១៧-១០-២០១១: ព័ត៌មានអន្ដរជាតិ ដកស្រង postkhmer
បាងកកៈ ក្រសួងពាណិជ្ជកម្មថៃ បានឲ្យដឹងថា
ទឹកជំនន់បានបំផ្លាញស្រូវប្រមាណ៧សែនតោនហើយ ប៉ុន្តែតួលេខចុងក្រោយ អាចកើន
ឡើងដល់ចំនួនពី៦ ទៅ ៧ លានតោន។
ទោះជាយ៉ាងនេះក្តី គេរំពឹងថា ផលប៉ះពាល់លើការនាំចេញអង្កររបស់ថៃនៅឆ្នាំនេះ មានកម្រិតតិចតួចតែប៉ុណ្ណោះ ហើយប្រទេសនេះ នៅតែអាចនាំចេញអង្ករបានចំនួន១១លានតោនដដែល។ នេះបើតាមការលើកឡើងរបស់លោក Yanyong Phuangrach លេខាធិការអចិន្រៃ្តយ៍នៃក្រសួងពាណិជ្ជកម្មរបស់ប្រទេសថៃ ។
ក្រសួងកសិកម្មថៃ បានរាយការណ៍ថា ទឹកជំនន់បានបំផ្លាញផ្ទៃដីបង្កបង្កើនផលចំនួន១០លានរ៉ៃ (១,៦លានហិកតា) ដែលក្នុងនោះមានវាលស្រែ ៨លានរ៉ៃ ដែលមានន័យថា ទិន្នផលស្រូវរបស់ថៃ អាចធ្លាក់ចុះចំនួនពី៦ ទៅ ៧លានតោន។ មុនពេលមានទឹកជំនន់ គេរំពឹងថា ថៃ នឹងទទួលបានទិន្នផលស្រូវចំនួន ២៥លានតោន។
ខេត្តភិតសានុលោក ខេត្ត ណាក់ខន សុវណ្ណ ខេត្តភិចិត្ត និងខេត្តស៊ូផាន់ បុរី គឺជាបណ្តាខេត្តដែលរងគ្រោះដោយសារទឹកជំនន់ក្នុងចំណោមខេត្ត ផ្សេងទៀតជាច្រើនរបស់ថៃ។
លោក Yanyong បានឲ្យដឹងថា លោកជឿជាក់ថា ពាណិជ្ជករ និងសាធារណជននឹងគិតថា ការផ្គត់ផ្គង់អង្ករ នឹងធ្លាក់ចុះ ហើយអង្ករនឹងឡើងថ្លៃ។
លោកបានបន្តឲ្យដឹងថា៖ «យើងត្រូវយល់ថា តាមធម្មតា កសិករប្រមូលផលស្រូវ ២ដងក្នុងមួយឆ្នាំ តែនៅឆ្នាំនេះ កសិករអាចរកបានប្រាក់ចំណូលពីផលស្រូវបានតែម្តងប៉ុណ្ណោះ ដោយសារមានទឹកជំនន់»។
បើទោះជាពាណិជ្ជករមួយចំនួនបានព្យាករថា ទឹកជំនន់នេះ អាចប៉ះពាល់ដល់ការនាំចេញអង្កររបស់ថៃក៏ដោយ ក៏លោក Yanyong នៅតែមានសុទិដ្ឋិនិយមថា ថៃអាចនាំចេញអង្ករបានចំនួន ១១លានតោនដែរនៅឆ្នាំនេះ។
ប្រទេសថៃបាននាំចេញអង្ករចំនួន ៩លានតោនរួចទៅហើយនៅឆ្នាំនេះ។ លោកបានទទួលស្គាល់ថា តម្លៃអង្កររបស់ថៃ បានឡើងថ្លៃមែន តែឡើងមិនសូវខ្ពស់ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ការបញ្ជាទិញនោះទេ។
លោកបានឲ្យដឹងបន្តថា៖ «យើងមានបញ្ហាមួយចំនួនក្នុងការដឹកជញ្ជូនអង្ករទៅកាន់កំពង់ផែ ដោយសារទឹកជំនន់ តែតម្រូវការអង្ករថៃនៅតែមានកម្រិតខ្ពស់ដដែល»។
លោកបានបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌាបាននាំចេញអង្ករចំនួនតែ១ម៉ឺនតោនប៉ុណ្ណោះ បន្ទាប់ពីបានប្រកាសថា បានអនុញ្ញាតឲ្យនាំចេញអង្ករចំនួន ២លានតោនក្នុងឆ្នាំនេះ។ ការនាំចេញអង្កររបស់ឥណ្ឌាភាគច្រើន គឺទៅប្រទេសប៉ាគីស្ថាន ដែលមិនមែនជាទីផ្សារធំរបស់ថៃ ដែលបច្ចុប្បន្នថៃកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទីផ្សារអាហ្វ្រិក។
អង្ករថៃមានតម្លៃប្រហែល ៦០០ ដុល្លារក្នុងមួយតោន ខណៈពេលអង្ករវៀតណាម មានតម្លៃ៥៧០ដុល្លារក្នុងមួយតោន។ លោក Yanyong បានថ្លែងថា អតិថិជនជាប់លាប់របស់ថៃ នៅតែទិញអង្កររបស់ថៃ ដែលប្រទេសទាំងនោះមានដូចជា ប្រទេសកូតឌីវ័រ ដែលទំនងជានឹងទិញចំនួន ២សែនតោននៅឆ្នាំនេះ៕
No comments:
Post a Comment