ពលរដ្ឋថៃចេញពីក្រុងបាងកក បន្ទាប់ពីមានការព្រមានពីគ្រោះទឹកជំនន់ធំ
ផ្សាយថ្ងៃទី២៨-១០-២០១១: ព័ត៌មានអន្ដរជាតិដកស្រង postkhmer
ក្រុងបាងកក: ក្រុមអ្នកក្រុងបានចាកចេញពីរដ្ឋធានីរបស់ប្រទេសថៃកាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីក្រុមអាជ្ញាធរ បានព្រមានថា ក្រុងនេះ
នឹងត្រូវជន់លិចក្នុងពេលឆាប់ៗនេះ និងបានអំពាវនាវឲ្យឈប់សម្រាកជាពិសេសរយៈពេល៥ថ្ងៃដើម្បីទុកពេលឲ្យប្រជាពលរដ្ឋចាកចេញពីក្រុងនេះ។
ចរាចរណ៍នៅកណ្ដាលក្រុងបាងកកទូលាយ ខណៈថ្ងៃឈប់សម្រាកបានចាប់ផ្ដើម ប៉ុន្តែផ្លូវធំមួយចេញពីក្រុងនេះទៅកាន់ភាគខាងត្បូងដែលគ្មានទឹកលិច បានស្ទះកកកុញ។ ពលរដ្ឋជាច្រើនកំពុងធ្វើដំណើរឆ្ពោះទៅក្រុងឆ្នេរសមុទ្រ ផាតាយ៉ា ជាទីដែលបន្ទប់សណ្ឋាគារនិងផ្ទះសំណាក់ពិបាកស្វែងរក
ជួល។
រូបភាពទូរទស្សន៍ បានបង្ហាញពីបញ្ជរចុះឈ្មោះឡើងយន្តហោះនៅព្រលានយន្តហោះសុវណ្ណភូមិដ៏ធំក្នុងក្រុងបាងកក។ ព្រលានយន្តហោះចាស់របស់ក្រុង ដន មឿងដែលគេប្រើសម្រាប់ជើងហោះហើរក្នុងស្រុក ត្រូវបិទទ្វារដោយទឹកជន់លិចពីថ្ងៃអង្គារ។
ធនាគារ និងផ្សារហិរញ្ញវត្ថុទាំង ឡាយ នឹងនៅតែបន្តបើកទ្វារពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃចន្ទ។ ហាងនៅក្នុងក្រុងនេះក៏ទំនងជាបន្តបើកនៅថ្ងៃឈប់សម្រាកជាធម្មតា។
ទឹកជំនន់អាក្រក់បំផុតនៅថៃក្នុងពេលកន្លះសតវត្សរ៍ ដែលបង្កមកពីភ្លៀងរដូវវស្សាធ្ងន់ធ្ងរចម្លែក បានសម្លាប់មនុស្សយ៉ាងហោចណាស់៣៧៣នាក់ ចាប់តាំងពីពាក់កណ្ដាលខែកក្កដា និងបានប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជិត២,៥លាននាក់ ដោយក្នុងនោះជាង១១៣ ពាន់នាក់រស់នៅក្នុងជម្រកបណ្ដោះអាសន្ន ហើយ៧២ម៉ឺននាក់ទៀតស្វែងរកការសម្រាកព្យាបាល។
ខេត្តឧស្សាហកម្មនៅខាងជើង និងកណ្ដាល បានរងគ្រោះធ្ងន់បំផុតដោយរោងចក្រឧស្សាហកម្មយ៉ាងតិច៧កន្លែង ភាគខាងជើងក្រុងបាងកក ត្រូវបង្ខំចិត្តបិទ។
ឥឡូវក្រុងនេះផ្ទាល់ កំពុងស្ថិតក្នុងគ្រោះថ្នាក់ពីកម្លាំងទឹកហូរហៀរ មកពីភាគខាងជើង និងទឹកជោរខ្លាំងពីទន្លេចៅប្រាយ៉ា ដែលឡើងដល់កម្រិតខ្ពស់បំផុត។
កាលពីរាត្រីថ្ងៃពុធ អភិបាលក្រុងនេះបានថ្លែងថា «ទឹកធំ» កំពុងហូរមក។ ក្រុមអាជ្ញាធរ ក៏បានព្រមានថា ទំនប់ជាច្រើន ទំនងជាទប់មិនជាប់ទេ ហើយអ្នកក្រុង១២លាននាក់អាចលិចលង់៕
No comments:
Post a Comment