Friday, October 14, 2011

កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​អាចធ្លាក់​មក​ត្រឹម​៦​ភាគ​រយ​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​ធ្ងន់​ធ្ងរ​

ផ្សាយថ្ងៃទី១៣-១០-២០១១:  ដកស្រង bayontv


ភ្នំពេញ៖ កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​សម្រាប់​ឆ្នាំ​នេះ​អាច​នឹង​ត្រូវ​ធ្លាក់​មក​ត្រឹម​ ៦​ភាគ​រយ​ ដោយ​សារ​គ្រោះ​​ទឹក​ជំនន់​មាន​សភាព​ធ្ងន់​ធ្ងរ​ពេក​។
គួរ​បញ្ជាក់​ថា ​កាល​ពី​ដើម​ឆ្នាំ​ក្រុម​អ្នក​សេដ្ឋកិច្ច​កម្ពុជា​បាន​ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​សម្រាប់​ឆ្នាំ​២០១១ អាច​នឹង​កើន​ដល់ជាង៨ភាគរយ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីគាត ឈុន រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ បាន​ឲ្យ
​ដឹង​កាល​ពី​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១១​ថា កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ​២០១១​នេះ​អាច​មាន​ត្រឹម​ ៦ភាគ​រយ​ប៉ុណ្ណោះ។ នោះ​ក៏​ព្រោះ​តែ​គ្រោះ​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ និង​ភាព​មិន​ប្រាកដ​ប្រជា នៃ​សេដ្ឋកិច្ច​អាមេរិក និង​អឺរ៉ុប។
ឯកឧត្តមបន្តថា លក្ខខណ្ឌ​មិន​អំណោយ​ផល​ក្នុង​ស្រុក និង​នៅ​ក្នុង​សកល​លោក​បាន​រួម​ចំណែក​ដល់​ការ​ព្យាករ​ទាប​ជាង​ការ​រំពឹង​ទុក​ សម្រាប់​កំណើន​សេដ្ឋកិច្ច។ ដោយ​លោក​បន្ត​ថា ព្រឹត្តិការណ៍​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ព្រម​ទាំង​ការ​ខូច​ខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​កសិកម្ម​ដោយ​សារ​ទឹកជំនន់ ក៏​នឹង​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០១២​ផង​ ដែរ។
លោក Peter Brimble សេដ្ឋវិទូ​ជាន់​ខ្ពស់​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ប្រចាំ​កម្ពុជា​បាន​ថ្លែង​ថា ការ​ព្យាករណ៍​របស់​ ធនាគារ​នេះ​គឺ​នៅ​តែ​រក្សា​តួលេខ​កាល​ពី​ខែ​មុន ដែល​ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ឆ្នាំ​២០១១​នេះ មាន​ចំនួន​៦,៨​ភាគរយ​ដដែល ទោះ​បី​មាន​ការ​ខូច​ខាត​ដោយ​សារ​ទឹកជំនន់​ក៏​ដោយ។ ដោយ​លោក​បន្ត​ថា កំណើន​មិន​គួរ​ធ្លាក់​ចុះ​ដោយ​សារ​ទឹកជំនន់​ឡើយ៕

No comments: