រយៈពេល៩ខែ ឆ្នាំ២០១១ កុមារ៥៤នាក់ស្លាប់ ដោយសារ ជំងឺគ្រុនឈាម កើនលើសឆ្នាំ២០១០
ផ្សាយថ្ងៃទី០៤-១០-២០១១: ដកស្រង dap-news

ភ្នំពេញ៖ មន្រ្តីជំនាញជំងឺគ្រុនឈាម
បានអះអាង នៅថ្ងៃទី០៤ ខែតុលា ថា
ចំនួនអ្នកស្លាប់ដោយសារ ជំងឺគ្រុន
ឈាម មានការកើនឡើងគិតចាប់តាំង
ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១១ បានឆក់យកអាយុ
ជីវិតរបស់កុមារ៥៤នាក់ ប៉ុន្តែសន្ទុះ
នៃការរីករាលដាល មានការថយចុះ
បើប្រៀបធៀប និងរយៈពេលដូចគ្នា
កាលពីឆ្នាំ២០១០។
ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមលោកសាស្ត្រាចារ្យ ង៉ាន ច័ន្ទថា បាន
ប្រាប់ឲ្យដឹងនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១១ថា គិតចាប់ពីថ្ងៃទី០១ ខែមករា រហូត
ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១១ អ្នកកើតជំងឺគ្រុនឈាម ដែលបានមកទទួល
ការព្យាបាល ដោយសេវាសាធរណៈរបស់រដ្ឋមានចំនួន ១២.៣៩២ករណី ក្នុងនោះ
មាន ចំនួនអ្នកស្លាប់៥៤នាក់ សុទ្ធតែជាកុមារ មានអាយុក្រោម១៥ឆ្នាំ ខណៈដែល
រយៈពេលដូចគ្នានៅឆ្នាំ២០១០ អ្នកជំងឺគ្រុនឈាម ដែលបានមករក សេវាព្យាបាល
នៅមន្ទីរពេទ្យរដ្ឋមានត្រឹមតែ ៩.៥៨២នាក់ ក្នុងនោះ កុមារដែលស្លាប់មាន២៨នាក់ នេះបើប្រៀបធៀបរយៈពេលដូចគ្នា ។ ប៉ុន្តែបើគិតពីចំនួនអ្នកកើត ជំងឺក្នុងឆ្នាំ២០១០ មានចំនួន១២.៥០០នាក់ ក្នុងនោះស្លាប់មានចំនួន៣៨នាក់។
លោកបន្តថា បច្ចុប្បន្នចំពោះមនុស្សចាស់ដែលកើតជំងឺគ្រុនឈាម គឺនៅមិនទាន់
មានប្រព័ន្ធគ្រប់គ្រង ទិន្នន័យច្បាស់លាស់នៅឡើយទេ ដោយក្រសួងសុខាភិបាល កំពុងមាន ផែនការពង្រីក ការគ្របដណ្តប់ប្រព័ន្ធតាមដានទៅលើមនុស្សចាស់ផង
ដែរ។
លោក ង៉ាន ច័ន្ទថា បានបញ្ជាក់ថា “យ៉ាងណាក៏ដោយតាមការសង្កេតចំពោះ
មនុស្សចាស់នៅកម្ពុជា ដែលកើតជំងឺគ្រុនឈាមនេះ អត្រាដែលក្រសួង សុខា
ភិបាលក្តាប់បានមាន៣ភាគរយ ទៅ៥ភាគរយ នៃចំនួនអ្នកកើតជំងឺគ្រុនឈាម មានចំនួន១២.៣៩២ករណី” ។
លោកបានបញ្ជាក់ទៀតថា ជារៀងរាល់ឆ្នាំប្រទេសកម្ពុជាបានចាត់ វិធានការជាច្រើន
ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺគ្រុនឈាមនេះ ដែលមានដូចជា៖ ទី១. ពង្រឹង
ប្រព័ន្ធតាមដាន និងទប់ស្កាត់ជំងឺ ព្រមទាំងធ្វើការវាយតម្លៃឲ្យបានត្រឹមត្រូវទាន់
ពេលវេលា ។ ទី២. ត្រៀមលក្ខណៈនៅរាល់គ្រប់ធនធាន ទាំងអស់ឲ្យបាន គ្រប់គ្រាន់
មុនរដូវចម្លងខ្លាំង។ ទី៣. បណ្ដុះបណ្ដាលដល់គ្រូពេទ្យ វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា
ក្នុងការធ្វើរោគវិនិច្ឆ័យ ការផ្ដល់សេវាឲ្យបានល្អប្រសើរ ក្នុងការកាត់បន្ថយឲ្យជំងឺគ្រុន
ឈាមនេះឲ្យមានចំនួនតិចជាងមុន។ ទី៤. ការត្រៀមជាថ្នាំពេទ្យ នៅតាមមន្ទីរពេទ្យ
នានា។ ទី៥. គឺការដាក់ថ្នាំអាបេត ឲ្យបានមុនរដូវចម្លង ក្នុងមួយឆ្នាំឲ្យបាន២ដង។ វិធានការទី៦. គឺការផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មានជាដើម។
លោក ង៉ាន ច័ន្ទថា បន្តឲ្យដឹងទៀតថា រហូតមកដល់ថ្ងៃនេះ ក្រុមការងារ ដែលជា
សេនាធិការរបស់ក្រសួងសុខាភិបាល បានចុះដាក់ថ្នាំអាបេតចំនួន២ដងរួចមក
ហើយ ដោយលើកទី១ចាប់ពីអំឡុងខែ៤ ទៅខែ៥ គឺបានដាក់ថ្នាំអាបេតចំនួន៤៣
តោន និងលើកទី២ ចំនួន៨០តោននៅទូទាំង២៤ខេត្ត-ក្រុង ។
សូមបញ្ជាក់ថា ក្នុងមួយឆ្នាំៗក្រសួងសុខាភិបាលបាននាំចូលថ្នាំអាបេតក្នុង ចន្លោះ១៨០ ទៅ២០០តោន ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនឈាម ៕
No comments:
Post a Comment