នគរបាល300នាក់ចុះជួយច្រូតស្រូវលិចទឹកនៅជាយដែន
ផ្សាយថ្ងៃទី០៥-១០-២០១១: ដកស្រង kohsantepheapdaily
ខេត្តកំពត ៖ កងកម្លាំងនគរបាលប្រមាណជា៣០០នាក់មកពីស្នងការដ្ឋានខេត្ត កាលពីព្រឹកថ្ងៃទី៤ តុលា បានចុះជួយច្រូតស្រូវប្រជាពលរដ្ឋដែលរងការលិចលង់ដោយទឹកជំនន់នៅឃុំព្រៃទន្លេ និងឃុំត្នោតចុងស្រង់ ក្នុងស្រុកបន្ទាយមាស។
លោកឧត្តមសេនីយ៍ត្រីថ្លាង ភីរិន ស្នងការនគរបាលខេត្តបានប្រាប់ថា កម្លាំងនគរបាលទាំងអស់មកពីបណ្តាស្រុកនានាបានចុះជួយច្រូតស្រូវប្រជាពលរដ្ឋដែលកំពុងត្រូវទឹកជន់ លិច ។ លោកសួន សេរីមង្គល មេបញ្ជាការវរសេនាតូច លេខ៦០១ការពារព្រំដែនគោក បានប្រាប់ឱ្យដឹងដែរថា កងកម្លាំងនគរបាលការពារព្រំដែន
គោកចំនួន៦០នាក់ បានចុះជួយច្រូតកាត់ស្រូវប្រជាពលរដ្ឋដែលត្រូវលិចលង់ដោយ
ទឹកជំនន់ ។ ទឹកជំនន់នេះគឺហូរមកពីប្រទេសវៀតណាម ដែលហូរចាក់មកពីទន្លេមេ
គង្គ ។ លោកមេបញ្ជាការបានបន្តថា ទឹកជំនន់នេះបានធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវ
ពលរដ្ឋតាំងពីថ្ងៃទី៣០ កញ្ញា មកម្ល៉េះ។
ចំណែកលោកជួន ម៉ារ៉ាឌី មេបញ្ជាការវរសេនាតូចលេខ៣០២ ការពារព្រំដែនគោកថ្លែងថា កងកម្លាំង៤៥នាក់បានចុះជួយច្រូតកាត់ពលរដ្ឋ។ ឯលោកស៊្រុន ឡាំ អធិការ
នគរបាលស្រុកបន្ទាយមាសប្រាប់ឱ្យដឹងថា កងកម្លាំងនគរបាលចំនួន១០០នាក់ បានមកជួយច្រូតស្រូវរយៈពេល២ថ្ងៃ ហើយនៅឃុំទាំង២ជាប់នឹងព្រំដែនប្រទេសវៀតណាម និងនគរបាលក្រុងកំពតមានចំនួន៣១នាក់ និងនគរបាលស្រុកកំពង់ត្រាច ស្រុកជុំគិរី ស្រុកអង្គរជ័យ មានចំនួនប្រហាក់ប្រហែលគ្នា។
រីឯលោកទូច ពលៈ ប្រធាននគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រខេត្តកំពត និង
ខេត្តកែប កាលពីព្រឹកថ្ងៃទី២ តុលា បានយកអូប័រចំនួន២គ្រឿងមកដល់ឃុំព្រៃទន្លេ ត្រៀមជួយពលរដ្ឋដែលប្រឈមនឹងការរងគ្រោះដោយទឹកជំនន់ ប៉ុន្តែមកដល់ពេលនេះមិនមានពលរដ្ឋណាម្នាក់ស្លាប់ដោយទឹកជំនន់នេះទេ។
ពលរដ្ឋម្នាក់នៅឃុំព្រៃទន្លេនិយាយថា គាត់ចំណាយលុយ២០លានរៀលសម្រាប់ធ្វើ
ស្រូវអ៊ីអ៊ែរ តែឥឡូវខាតបង់អស់ហើយ ព្រោះស្រូវខ្លះមិនទាន់ទុំផងត្រូវទឹកលិច។ ឯពលរដ្ឋម្នាក់ទៀតនិយាយថា ស្រូវអ៊ីអ៊ែររបស់គាត់លិចបាត់ទៅហើយ ព្រោះជួលគេ
ច្រូតក្នុងផ្ទៃដី១កុងស្មើនឹង៣៦ម៉ែត្រ៤ជ្រុងតម្លៃ១២ម៉ឺនរៀល គ្មានអ្នកសីុឈ្នួលច្រូត។
លោកស្វាយ ហៀប មេឃុំព្រៃទន្លេមានប្រសាសន៍ថា ផ្ទៃដីស្រូវជាង៤០០ហិកតា ត្រូវ
ខូចខាតទាំងស្រុង ឯផ្ទះសម្បែងពលរដ្ឋ២៣ខ្នងត្រូវទឹកជន់លិច ហើយចំនួននេះអាចនឹងកើនឡើងទៀត ព្រោះទឹកនៅតែហូរចូលភូមិអ្នកស្រុកនៅឡើយ ៕
No comments:
Post a Comment