Tuesday, September 20, 2011

តម្លាភាពចំណូល ពីប្រេងកាត និងឧស្ម័ននៅកម្ពុជា សម្រាប់យុវជនខ្មែរ មិនទាន់ចាប់ អារម្មណ៍នៅឡើយ

ផ្សាយថ្ងៃទី១៩-០៩-២០១១: ដកស្រង dap-news

ភ្នំពេញ៖ អង្គការសង្គមស៊ីវិលមួយខាង ផ្នែកឧស្សាហកម្ម និស្សារណកម្ម និងបម្រែ បម្រួលអាកាសធាតុ បានអះអាងថា រឿងតម្លា ភាពចំណូលប្រេងកាត និងឧស្ម័ននៅកម្ពុជា សម្រាប់យុវជនកម្ពុជាភាគច្រើនមិនសូវចាប់ អារម្មណ៍និងមិនយកចិត្ដទុកដាក់ទេ។

ក្នុងវេទិកាយុវជនប្រេងកាត និងឧស្ម័ន ដែលមានយុវជន ប្រមាណជា៥០០នាក់ ចូល រួមនៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ២០១១ មន្ដ្រីសម្រប សម្រួលអង្គការ កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន លោកស្រី ចាន់ រ៉ាមី បានមានប្រសាសន៍ថា ចំណេះដឹង របស់យុវជនកម្ពុជាភាគច្រើន គឺនៅមាន កម្រិតក្នុងការយល់ដឹងពីតម្លាភាពចំណូល ប្រេងកាត និងឧស្ម័ននៅកម្ពុជា ដែលពួកគេទាំងអស់នោះ មិនបានតាមដានព័ត៌មានតាម កាសែត គេហទំព័រ និងទូរទស្សន៍ទេ។ ពេលដែលយើងជជែកពីរឿងតម្លាភាពចំណូល ធនធាន ក៏ដូចជាគណនេយ្យភាព សមធម៌ និងការចូលរួមពីសាធារណជន ក្នុងការតាម ដានទៅលើវិស័យនេះ សម្រាប់យុវជននោះ យើងបានសួរទៅយុវជនទាំងអស់គ្នាថា តើ ដឹងពីរឿងនេះ ឬទេ សម្រាប់ចម្លើយរបស់ យុវជនភាគច្រើនបាននិយាយថា គឺអត់បាន ដឹងពីរឿងនេះទេ។

លោកស្រី ចាន់ រ៉ាមី បានសង្កត់ធ្ងន់ថា “ប្រសិនបើចង់ឱ្យមានការគ្រប់គ្រងប្រកប ដោយប្រសិទ្ធភាពលើវិស័យនេះ លុះត្រាតែ ប្រជាពលរដ្ឋ ក៏ដូចជានិស្សិត និងយុវជន កម្ពុជាទាំងអស់គ្នាដឹងរឿងនេះ និងចូលរួម តាមដាន។ បើសិនជាយុវជនអត់មានព័ត៌ មាននៅក្នុងដៃទេ យើងទាំងអស់គ្នាពិបាក ចូលរួមក្នុងដំណើរការតាមដាន គ្រប់គ្រង ក៏ ដូចជាធានាឱ្យមានតម្លាភាពធានាឱ្យមានការ គ្រប់គ្រងដោយប្រសិទ្ធភាព និងចេរភាពទៅ លើវិស័យនេះ”។
និស្សិតមកពីសកលវិទ្យាល័យន័រតុន លោក ឆន សំណាង បានឡើងនិយាយក្នុង វេទិកានេះថា កម្ពុជាជាប្រទេសមួយដែល នឹងចាប់ផ្ដើមបូមប្រេងកាតនៅឆ្នាំ២០១២ សម្រាប់លោកមិនដឹងថា រដ្ឋាភិបាលរៀបចំ ចំណូលនេះយ៉ាងដូចម្ដេចឡើយ ហើយចំណូល នេះ នឹងយកទៅប្រើប្រាស់ជាប្រយោជន៍ ដល់យើងទាំងអស់គ្នា កម្រិតណានោះទេ។ ចំណូលពីប្រេងកាត និងឧស្ម័ន តើរាជរដ្ឋា ភិបាលនឹងរៀបចំយន្ដការ និងវិធីសាស្ដ្របែប ណាក្នុងការធ្វើឱ្យប្រទេសកម្ពុជាយើងរីក ចម្រើនលូតលាស់បន្ថែមទៀត។

ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម បណ្ឌិត ជាម យៀប បានថ្លែងនៅក្នុងឱកាសនោះថា “ការប្រើប្រាស់ ចំណូលពីប្រេង និងឧស្ម័ន ដើម្បីវិនិយោគ ច្រើនៗ ទៅលើប្រជាជនជនបទ និងហេដ្ឋារច នាសម្ព័ន្ធជនបទ ដោយគួបផ្សំនឹងកំណែទម្រង់ អភិបាលកិច្ចល្អ វាអាចជាវិធីដ៏ស័ក្ដិសិទ្ធបំផុត សម្រាប់បញ្ចៀសបណ្ដាសារធនធានព្រមទាំង ជួយធានាថា ចក្ខុវិស័យសម្រាប់កម្ពុជា និង ប្រជាជននឹងកាន់តែភ្លឺថ្លាឡើងនូវបណ្ដាទស វត្សរ៍ខាងមុខ”។

សូមបញ្ជាក់ថា ក្រុមហ៊ុន ឈឺវរ៉ន ( Chevron ) របស់អាមេរិក បានរកឃើញអណ្ដូង ប្រេងតូចចំនួន៣ក្នុងឈូងសមុទ្រកម្ពុជា ដោយ បានចំណាយថវិកា ១៥០លានដុល្លារអាមេរិក។ ក្រុមហ៊ុនចិនមូយដែរ បានគ្រោងចំណាយ ៦០០លានដុល្លារអាមេរិកទៀត ដើម្បីធ្វើ អាជីវកម្មលើប្រេងកាតនេះ។ ការបូមយក ប្រេងកាតនឹងចម្រាញ់ចេញប្រេងសាំងចាប់ ផ្ដើមនៅឆ្នាំ២០១២ ខាងមុខនេះ។

ក្រុមហ៊ុនចម្រុះកម្ពុជា-ចិន ខេមបូឌាន ភីត្រូ ខេមីខល ខូអិលធីឌី បានបង្ហើបឱ្យដឹង ថា រោងចក្រចម្រាញ់ប្រេងកាត ដែលសាង សង់លើកដំបូងនៅកម្ពុជា អាចនឹងមានសមត្ថ ភាពផលិតប្រេងបាន៥លានតោន ឬលើស ពីនេះក្នុង១ឆ្នាំ៕


No comments: