Friday, September 23, 2011

ភ្លៀង​នឹង​ធ្លាក់​ជា​បន្ត​ទៀត​ចាប់ពី​ថ្ងៃ​ទី​២៣​ដល់​ថ្ងៃ​ទី​២៦​ខែ​កញ្ញា​ឆ្នាំ​២០១១​

ផ្សាយថ្ងៃទី២២-០៩-២០១១: អន្ដរជាតិៈ ដកស្រង kampucheathmey

នំពេញ ៖ យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ចេញ​ផ្សាយ​នៅ​​ថ្ងៃ​ទី​២១​ ខែ​កញ្ញា ​បាន​ឲ្យ​ដឹង​ថា​ ប្រព័ន្ធ​សម្ពាធ​ទាប​និង​ជ្រលង​សម្ពាធ​ទាប​បាន​បង្ក​ឲ្យ​កើត​ជា​ភ្លៀង​ធ្លាក់​​រាយ​បាយ​ពាសពេញ​ប្រទេស​ជា​បន្តបន្ទាប់​ទៀត​ចាប់​ពី​ថ្ងៃ​ទី​២៣​ ដល់​ថ្ងៃ​ទី​២៦ ​ខែ​កញ្ញា ​ឆ្នាំ​២០១១។​

សេចក្ដី​ជូនដំណឹង​ក៏បាន​ឲ្យ​ដឹង​ទៀត​ថា ភូមិសាស្ត្រ​ដែល​ជាប់​នៅ​តំបន់​ភ្នំ តំបន់​ជួរ​ភ្នំ ​តំបន់​ខ្ពង់រាប​ និង​តំបន់​មាត់សមុទ្រ ​ទទួលរង​នូវ​ឥទ្ធិពល​បាតុភូត​ធម្មជាតិ​បង្កើត​ជា​ភ្លៀង​ធ្លាក់​នៅ​តាម​ខេត្ត​ក្នុង​តំបន់​ទាំងនោះ មាន​ដូចជា ខេត្តព្រះវិហារ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ កំពង់ចាម ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ កណ្ដាល តាកែវ កំពង់ស្ពឺ កំពត កែប កោះកុង និង​ខេត្ត​ព្រះសីហនុ។ ចំណែកឯ​ផ្ទៃសមុទ្រ​ នៃ​ប្រទេស​កម្ពុជា​នឹង​មាន​រលក​បោកបក់​ខ្លាំង អាច​មាន​កម្ពស់​ចាប់ពី១,៥០ម៉ែត្រ​ទៅ២ម៉ែត្រ។



យោង​តាម​ស្ថានភាព​ធាតុអាកាស​ខាងលើ​ក្រសួង​ធនធានទឹក​ និង​ ឧតុនិយម សូម​ជម្រាប​ជូនដំណឹង​ដល់​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ ដែល​រស់​នៅ​តាម​បណ្ដា​ខេត្ត ដូច​បាន​ជម្រាប​ជូន​ខាងលើ​ ពិសេស​ បងប្អូន​ដែល​រស់នៅ​ជាប់​នឹង​ផ្លូវទឹក អ្នក​ធ្វើ​ដំណើរ​តាមផ្លូវ​ទឹក ប្រជា​នេសាទ សូម​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ ប្រុងប្រយ័ត្ន​ខ្ពស់​ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ​ដែល​អាច​កើត​មាន ជា​យថាហេតុ៕

No comments: